ការចូលរួមអបអរសាទរទិវា១មិថុនា ឆ្នាំ២០១៥ របស់សាកលវិទ្យាល័យមានជ័យ

samgna-group

ឯកឧត្តម សំ ង៉ា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យមានជ័យ បានដឹកនាំក្រុមនិស្សិតសសយក នៃសាកលវិទ្យាល័យមានជ័យ១៥រូប ចូលរួមទិវាកុមារអន្តរជាតិ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៥ នៅអនុវិទ្យាល័យទឹកថ្លា ក្នុងភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ​គោស៊ុំ សារឿត អភិបាល នៃគណ: អភិបាលខេត្តបន្ទាយមានជ័យ ដែលរៀបចំឡើងដោយមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ ។ ពិធីនេះចាប់ផ្តើមពីម៉ោង៧:៣០នាទីព្រឹកដោយមានការចូលរួមជិះកង់ដង្ហែក្បួនពីការិយាល័យសសយក ខេត្ត ដឹកនាំដោយ ឯកឧត្តម សាន វឌ្ឍនា អគ្គលេខាធិការរងក្រុមប្រឹក្សាស្តារនិងអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ប្រធានសសយកខេត្តបន្ទាយមានជ័យ និងឯកឧត្តម សំ ង៉ា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យមានជ័យ សមាជិកសសយកខេត្ត និងមានការចូលរួមពីសមាជិកសមាជិកាសសយកខេត្តទាំងអស់ ឆ្ពោះទៅអនុវិទ្យាល័យទឹកថ្លា ដែលមានចម្ងាយ៦គម ។

នាថ្ងៃដដែល ឯកឧត្តម សំ ង៉ា បានដឹកនាំថ្នាក់ដឹកនាំ ព្រឹទ្ បុរស ព្រឹទ្ធបុរសរង ប្រធាន-អនុប្រធានការិយាល័យ មជ្ឈមណ្ឌល ដេប៉ាតឺម៉ង់ បណ្ណាល័យ បុគ្គលិក គ្រូ និងនិស្សិតសាកលវិទ្យាល័យមានជ័យ ប្រមាណ១០០នាក់ ចូលរួមប្រារព្ធ ទិវាកុមារអន្តរជាតិ ១មិថុនា ២០១៥ នៅសាលា បឋមសិក្សាខ្លែងពណ៌ក្នុងភូមិខ្លែងពណ៌ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក្រោមប្រធានបទ “ យើងទាំងអស់គ្នារួមគ្នាស្រលាញ់កុមារ និងចង់ឃើញកុមារមាន អាហារហូបឆ្អែត “ ដោយនាំយកទៅជាមួយនូវសម្ភារសិក្សា សៀវ ភៅសរសេរ សៀវភៅគំនូរ ប៊ិច ខ្មៅដៃ បន្ទាត់ កូល័រផាត់ពណ៌ បាយប្រអប់ ទឹកក្រូច ទឹកសុទ្ធ មី ត្រីខ ផ្ទាំងកៅស៊ូរឹងសម្រាប់ក្រាលឲ្យកុមារលែង ទងដែក១ និងថវិកាឧបត្ថម្ភមួយចំនួន សរុបជាទឹកប្រាក់ទាំង អស់ ៣.២៩៣.៣០០រៀល។ ឯកឧត្តមបានបញ្ជាក់ថា ថវិកានិងសម្ភារសិក្សាទាំងអស់ខាងលើបានមកពីការជួយឧបត្ថម្ភរបស់ថ្នាក់ដឹកនាំបុគ្គលិក គ្រូ និស្សិតសាកលវិទ្យាល័យមានជ័យ សប្បុរសជន សសយកខេត្ត និងការសំដែងសិល្បះ ក្បាច់រាំរបស់និស្សិតជំនាញភាសាកូរ៉េ តាមផ្សារ និងទីប្រជុំជន ដើម្បីទទួលជាសប្បុរសទាន ។ ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា សមាគមនិស្សិតសាកលវិទ្យាល័យមានជ័យ ជាអ្នកផ្តួចផ្តើមគំនិត និងមានការចូលរួមពីនិស្សិត ជាក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា សសយកសាកលវិទ្យាល័យមានជ័យ និងនិស្សិតគ្រប់ជំនាញក្នុងមហាវិទ្យាល័យ ។ មានសិស្សបឋមសិក្សា១៣៣នាក់ បានទទួលអំណោយជាសម្ភារ បាយប្រអប់, លោកនាយកសាលា លោកគ្រូអ្នកគ្រូ៤រូប ទទួលបានប្រាក់ឧបត្ថម្ភ ។ ក្នុងពិធីនេះ ក៏មានការចូលរួមពីលោកមេឃុំស្លក្រាម ក្រុមប្រឹក្សាឃុំ លោកមេភូមិខ្លែងពណ៌ និងមាតាបិតា អាណាព្យាបាលសិស្សជាច្រើននាក់ទៀត ។ កម្មវិធីដែលនិស្សិតសាកលវិទ្យាល័យមានជ័យទាំងអស់បានរៀបចំជូនក្មួយៗមាន ការលាងដៃនឹងសាប៊ូ កាត់ក្រចក គូនិងផាត់ពណ៌គំនូរ ច្រៀងកំសាន្តរួមគ្នា ញ៉ាំបាយរួមគ្នា និងជិះទងជាមួយគ្នាលេង ។

Related Blogs

Leave us a Comment